លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានថ្លែងថា មួយជីវិតរបស់លោក លោកមិនដែលធ្វើអំពើខុសច្បាប់ម្តងណាឡើយ។ ការថ្លែងបែបនេះ គឺធ្វើឡើងនៅទីស្តីការ គ.ជ.ប កាលពីព្រឹកថ្ងៃទី១៥ ខែសីហា។ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានអះអាង នៅចំពោះមុខអ្នកសារព័ត៌មាន ភាគីបរទេស និងបុគ្គលិក គ.ជ.ប ថា៖ «ខ្ញុំរៀនច្បាប់យូរហើយ តាំងពី ក្មេងមក ហើយខ្ញុំមិនដែលធ្វើអ្វីដែលល្មើសច្បាប់ម្តងណាទេ»។ ការថ្លែងរបស់ប្រធាន គ.ជ.ប រូបនេះ គឺដើម្បីពន្យល់មនុស្សនៅក្នុងសង្គម ឲ្យគោរពសិទ្ធិគ្នាទៅវិញទៅមក និងស្គាល់ពីករណីកិច្ចក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន។ លោកបន្តថា សិទ្ធិ និងសេរីភាព គឺបានចែងក្នុងច្បាប់ ដែលមនុស្សទូទៅត្រូវតែគោរព ដើម្បីទទួលបានសេចក្តីសុខ។ លោកបានរិះគន់ លើអ្នករិះគន់ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល ដែលចេះតែលើកឡើងថា ច្បាប់នេះ កម្រិតសិទ្ធិនិងសេរីភាពរបស់ខ្លួន។
ប្រភព៖សារព័ត៌មានថ្មីៗ