បន្ទប់ស្ថានការណ៍ដែលបានបង្កើតឡើង សម្រាប់តាមដានការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងមក បានក្លាយទៅជាទីចាប់អារម្មណ៍ របស់សាធារណជន ដើម្បីបានដឹងពីភាពស្របច្បាប់ នៃបន្ទប់ស្ថានការណ៍នោះ លោកស្រី រ៉ូ ណាស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានចោទជាសំណួរ មកកាន់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងជំនួបជាមួយ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប។ក្រោយបញ្ចប់ជំនួបនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានលើកឡើងថា បន្ទប់ស្ថានការណ៍ បានដាក់អ្នកសង្កេតការណ៍ ពិតមែន ប៉ុន្តែអ្នកសង្កេតការណ៍នោះ មិនមែនជាអ្នកសង្កេតការណ៍ របស់បន្ទប់ស្ថានការណ៍នោះទេ ផ្ទុយទៅវិញ ជាអ្នកសង្កេតការណ៍ របស់អង្គការក្រៅរដ្ឋាភិបាល។លោកបន្ថែមថា ពាក់ព័ន្ធនឹងសំណួររបស់ លោកស្រី រ៉ូ ណាស្មីតនេះ ប្រធាន គ.ជ.ប បានឆ្លើយថា បន្ទប់ស្ថានការណ៍ មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នោះទេ ។ លោកថា រាល់សកម្មភាពរបស់បន្ទប់ស្ថានការណ៍ ដើម្បីឲ្យមានភាពស្របច្បាប់ ត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាមុនសិន ។
ប្រភព៖សារព័ត៌មានដើមអម្ពិល