អង្គការសង្គមស៊ីវិលថ្លែងសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចលុបចោល និងដកហូតឯកសាររដ្ឋបាលមិនប្រក្រតីរបស់ជនបរទេស ដែលកំពុងរស់នៅកម្ពុជា។ សង្គមស៊ីវិលជឿជាក់ថា បើសិនជារដ្ឋាភិបាលអាចអនុវត្តកិច្ចការនេះមានប្រសិទ្ធភាពមែននោះ កម្ពុជា នឹងអាចគ្រប់គ្រងបញ្ហាជនអន្តោប្រវេសន៍បានកាន់តែប្រសើរនៅពេលខាងមុខ។អង្គការសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលបង្ហាញឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍នៅក្នុងប្រទេស តាមរយៈការអនុវត្តអនុក្រឹត្យរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ថ្លែងនៅថ្ងៃទី២០ សីហា ថាការលុបចោល និងដកហូតឯកសារមិនប្រក្រតីដែលជនបរទេសកំពុងប្រើប្រាស់ គឺជារឿងចាំបាច់ និងមានផលប្រយោជន៍សម្រាប់កម្ពុជា។
ប្រភព៖RFA