គណបក្សពីរផ្សេងទៀតដែលកំពុងធ្វើសកម្មភាពនយោបាយរបស់ខ្លួន កំពុងប្រឈមនឹងការរំលាយ ខណៈប្រធានរបស់ខ្លួនកំពុងរងបទចោទពីតុលាការ ស្របពេលច្បាប់គណបក្សនយោបាយថ្មីហាមមិនឲ្យគណបក្សនយោបាយមានទំនាក់ទំនងជាមួយទណ្ឌិត។ គណបក្សទាំងនោះរួមមាន គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ និងគណបក្សអំណាចខ្មែរ របស់លោក សួន សេរីរដ្ឋា។មិនសល់ពេលច្រើនទៀតទេសម្រាប់គណបក្សនយោបាយរលាស់ខ្លួនផ្តាច់ទំនាក់ទំនងចេញពីទណ្ឌិតដែលជាប់បទឧក្រិដ្ឋ ឬពីបទមជ្ឈិម បន្ទាប់ពីច្បាប់គណបក្សនយោបាយថ្មីត្រូវបានប្រកាសឲ្យប្រើកាលពីចុងខែកក្កដា កន្លងទៅ។ នៅពេលនេះ ក្រៅពីគណបក្សប្រឆាំងដែលកំពុងពន្លឿនដករូបលោក សម រង្ស៊ី ពីស្លាករបស់ខ្លួន ក៏មានគណបក្សពីរផ្សេងទៀតដែរ ត្រូវរុះរើរចនាសម្ព័ន្ធថ្នាក់ដឹកនាំបក្ស និងប្តូររូបសញ្ញាចេញ។
ប្រភព៖RFA