ខណៈសាធារណជនកំពុងរិះគន់ប្រធានរាជបណ្ឌិត្យសភាលោក សុខ ទូច ដែលនិយាយថាភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាស្ថិតនៅក្នុងទឹកដីវៀតណាម មន្ត្រីគណបក្សកាន់អំណាចបានការពារការលើកឡើងនេះដោយថ្លែងថាការលើកឡើងរបស់លោក សុខ ទូច គឺត្រឹមត្រូវ។អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងកាលពីម្សិលមិញថាការលើកឡើងរបស់លោក សុខ ទូច គឺមិនខុសទេពីព្រោះភូមិរបស់លោក ហេង សំរិន ពិតជាស្ថិតនៅក្នុងទឹកដីវៀតណាមមែន បើយោងតាមផែនទីខ្នាត ១/១០០.០០០ ដែលចេញដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន និងរៀបចំដោយអាណានិគមបារាំង។ លោក ឥសាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្សែផែនទីដែលរត់នៅខាងលិចនៃផ្ទះរបស់លោក ហេង [សំរិន] វាជាក់ស្តែងដូចនេះ»។ លោកបន្តថាកាលពីមុនមិនមាននរណាគូសខ្សែផែនទីកាត់កន្លែងណានោះទេ ដោយសារផែនទីខ្នាត ១/១០០.០០០ ដែលចេញដោយអ្នកជំនាញបារាំងមិនត្រូវបានប្រើប្រាស់សម្រាប់ការគូសបន្ទាត់ព្រំដែន។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍