ក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ គណៈកម្មាធិការ នឹងបញ្ជូនសេចក្តីព្រាង វិសោធនកម្ម ស្តីពីច្បាប់បោះឆ្នោតទៅគណៈកម្មការទី៦ គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាបន្ត ។លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងក្រោយបញ្ចប់ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាថា គណៈកម្មាធិការ អចិន្ត្រៃយ៍ បានពិនិត្យលើសំណើរអនុម័ត សេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្ម ស្ដីពីការបោះឆ្នោតជ្រើរើសតាំង តំណាងរាស្ដ្រ ដែលស្នើដោយលោក សុន ឆ័យ មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ (CNRP) ដែលតំណាងដោយម្ចាស់ហត្ថលេខា ចំនួន៣៣ រូប តាមលិខិតចុះកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ។លោកថា ការបញ្ជូនបន្តនេះ ដើម្បីឲ្យគណៈកម្មាធិការទី៦ ពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។
ប្រភព៖សារព័ត៌មានដើមអម្ពិល