លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា អ្នកវិនិយោគបរទេសមួយចំនួន មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា គ្រាន់តែជាការបង្កើនឱកាស ការងារជូនប្រជាពលរដ្ឋខ្លួន តែប៉ុណ្ណោះ ជាពិសេសមក វិនិយោគក្រោមរូបភាពជួយដល់កម្ពុជា តែតាមពិតការជួយនេះ មានទំហំតិចតួចបំផុត ។ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងវេទិកាជាតិលើកទី២ ស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី២២ សីហានេះ លោក ហ៊ុន សែន បានមានប្រសាន៍ថា វិនិយោគិនបរទេសមួយចំនួន មកវិនិយោគនៅកម្ពុជា ក្រោមរូបភាពជាអ្នកផ្ដល់ជំនួយ តែតាមពិតការជួយនេះ មានទំហំតិចតួចណាស់ ឧទាហរណ៍ថា គេមកបណ្ដាក់ទុនវិនិយោគ ១លានដុល្លារ តែគេយកទៅវិញ ៨០ម៉ឺនដុល្លារ សូម្បីតែការគូសប្លង់អ្វីមួយនៅកម្ពុជា ក៏យកជនបរទេសមកគូស ហើយចំណេញដល់ជនបរទេសដែរ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល