អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុករបស់ដែលហៅថាបន្ទប់ស្ថានការណ៍នោះ គឺជាអង្គការចាត់តាំងមួយចំឡែកចង់ធ្វើសកម្មភាព ហេីយមិនទទួលខុសត្រូវ ដោយសារគ្មាន ការចុះបញ្ជី ការតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ។ ប្រាប់ក្រុមអ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២២ សីហានេះ លោក សុខ ឥសាន បានបញ្ជាក់ថា "បើចង់ធ្វើ សកម្មភាពស្របច្បាប់ ហេតុម៉្តេចមិនរំលាយចោលបណ្តាអង្គការទាំងប៉ុន្មាននោះទៅ ទុកធ្វើអីបើមិនប្រើដដែលនោះ។ បើរក្សាទុកបណ្តាអង្គការ ហើយមិនប្រើបែរជាមកប្រើរបស់ហៅថាបន្ទប់ស្ថានការណ៏ទៅវិញ តើមានន័យយ៉ាងម៉េច" ។ លោក សុខ ឥសាន ក៏បានធ្វើការប្រៀបធៀបផងដែរថា តើចង់យកគំរូតាម បន្ទប់ស្ថានការណ៍ នៅសេតវិមាន សម្រាប់តាមដានការតាមសម្លាប់ អូស្មាប៊ិន ឡាដិន ប្ញ ? ប្រទេសកម្ពុជា ជាប្រទេសមានឯករាជ្យ មាន អាធិបតេយ្យ និងបូរណភាពទឹកដី ជាប្រទេសនីតិរដ្ឋ មិនមែនប្រទេសអនាធិបតេយ្យ អាចឲ្យពួកសង្គមស៊ីវិលមួយចំនួនណានោះ មកធ្វើព្យុះ ភ្លៀងផ្គរបានជាដាច់ខាត។
ប្រភព៖សារព័ត៌មានដើមអម្ពិល