លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសច្រានចោលការទទួលខុសត្រូវ ព្រឹត្តិការណ៍បង្ក្រាបក្រុមកម្មករដ៏បង្ហូរឈាម នៅផ្លូវវ៉េងស្រេង កាលពីជាង៣ឆ្នាំមុន ដោយថាករណីនេះ គួរតែចាប់មេដឹកនាំបក្សប្រឆាំងមកផ្តន្ទាទោស។កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៤ កម្មករយ៉ាងតិច៤នាក់ ត្រូវគេបាញ់សម្លាប់ ម្នាក់ទៀតបានបាត់ខ្លួន ជាង៤០នាក់ទៀតត្រូវគេអះអាងថា បានរងរបួស ក្រោយពីកងកម្លាំងបានបាញ់រះទៅលើក្រុមអ្នកតវ៉ា ហើយអ្នកតវ៉ាបានប្រើដុំថ្មគប់តបវិញ។ព្រឹត្តិការណ៍បង្ហូរឈាមនេះ ជំរុញឲ្យសហគមន៍ជាតិនិងអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងទាមទារឲ្យរដ្ឋាភិបាលនាំខ្លួនអ្នកប្រើអាវុធបាញ់រះកម្មករ មកផ្តន្ទាទោស។ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណះសំណាលជាមួយក្រុមកម្មករ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៣ខែសីហានេះថា មេដឹកនាំបក្សប្រឆាំងទេ ដែលត្រូវទទួលខុសត្រូវលើព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងទៅនោះ។
ប្រភព៖VOD