សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែសីហា នេះ នឹងបន្តសវនាការរឿងក្ដីលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដោយមានលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និង លោកសៀង សុខ ជាតំណាងអយ្យការ ។គួរបញ្ជាក់ថា លោក សួន សេរីរដ្ឋា ត្រូវបានលោករស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ។លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា បន្ទាប់ពីបានសាកសួរ និងពិនិត្យសំណុំរឿងនេះចប់សព្វគ្រប់រួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញថា អង្គហេតុខាងលើ បានប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ ជាបទល្មើសព្រហ្មទណ្ឌ រួមមាន បទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ និង បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ប្រភព៖សារព័ត៌មានដើមអម្ពិល