ស្ថាប័នព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថ្លែងថា សេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងស្ថិតក្រោមការវាយប្រហារពីសំណាក់រដ្ឋាភិបាលក្រុងភ្នំពេញ ដែលប៉ុនប៉ងបិទស្ថាប័នរបស់ខ្លួន។ការលើកឡើងរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលជាកាសែតឯករាជ្យចេញផ្សាយជាភាសាអង់គ្លេសនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយ ចេញផ្សាយនៅព្រឹកថ្ងៃទី ២៨ សីហា។ស្ថាប័នព័ត៌មាន ឌឹ ខេមបូឌា ដេលី កំពុងរងការចោទប្រកាន់ពីអគ្គនាយកដ្ឋានពន្ធដារថា បានជំពាក់ថ្លៃពន្ធរយៈពេល ១០ ឆ្នាំ គឺតាំងពីឆ្នាំ ២០០៧ ដល់ ២០១៦ ដែលគិតជាទឹកប្រាក់ប្រហែល ៦ លាន ៣សែនដុល្លារអាមេរិក។អគ្គនាយកដ្ឋានពន្ធដារបានដាក់ឱសានវាទឱ្យកាសែតនេះសងថ្លៃពន្ធទាំងនោះ ត្រឹមថ្ងៃទី០៤ ខែ កញ្ញា ខាងមុខនេះ។ បើផុតឱសានវាតហើយ ខេមបូឌា ដេលី នៅតែមិនព្រមបង់ទេនោះ ស្ថាប័ននេះនឹងប្រឈមការរឹបអូសយកទ្រព្យសម្បត្តិ និងឈានដល់ការបិទអាជីវកម្មទាំងស្រុងតែម្តង។
ប្រភព៖RFA