លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញចុះទៅជួបសំណេះសំណាលដោយផ្ទាល់ ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ជំនួបនេះគឺជាលើកទី៤ហើយ នៅក្នុងយុទ្ធនាការជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាបន្តបន្ទាប់ ដែលបានដាក់ចេញកាលពីថ្ងៃទី២០ ខែសីហា កន្លងទៅ។ លោក បានកំណត់យកថ្ងៃពុធ ដើម្បីជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីទៅតាមបណ្តារោងចក្រ និងកំណត់យកថ្ងៃអាទិត្យ ដើម្បីជួបសំណេះសំណាលជាមួយនឹងកម្មករ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ក្នុងកិច្ចសំណេះសំណាលទាំងនោះ លោក ហ៊ុន សែន បានលើកបង្ហាញជាច្រើនពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទាញអ្នកវិនិយោគមកបង្កើតរោងចក្រនានា នៅកម្ពុជាបង្កើនការងារជូនកូនចៅប្រជាពលរដ្ឋខ្មែរ។
ប្រភព៖Fresh news