ម្ចាស់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅតែអះអាងថា អ្នកស្រីមិនបានគេចពន្ធ និងមានវិក្កយបត្របញ្ជាក់ត្រឹមត្រូវ។ ការអះអាងនេះ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារចោទថា រាប់ឆ្នាំមកនេះ កាសែតអ្នកស្រីមិនប្រកាសពន្ធសូម្បីតែមួយរៀល និងថែមទាំងប្រមូលអាករលើតម្លៃបន្ថែម ដាក់ហោប៉ៅផ្ទាល់ខ្លួនថែមទៀតផង។អ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) បានប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក កាលពីថ្ងៃទី២៩ ខែសីហា នេះថា កាសែត ឌឹ ខេមបូឌា ដេលី បានបង់ពន្ធអាករលើតម្លៃបន្ថែមនេះ គ្មានខ្វះមួយរៀលនោះទេ។ អ្នកស្រីថែមទាំងស្នើថា មិនបាច់ទៅរកភ័ស្តុតាងឯណាទេ ក្រសួងហិរញ្ញវត្ថុអាចពិនិត្យមើលវិក្កយបត្រនៅក្រសួងសាមីបាន បើចង់បានភ័ស្តុតាងបញ្ជាក់អំពីការបង់ពន្ធនេះនោះ។អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៩ ខែសីហា នេះ បានព្រមានបិទកាសែត ឌឹ ខេមបូឌា ដេលី បើនៅតែមិនព្រមបង់ពន្ធតាមកាលកំណត់។
ប្រភព៖RFA