អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅល្ងាចថ្ងៃទី២៩ សីហា បានបង្ហាញពីអ្នកដែលធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ មិនព្រមទទួលខុសត្រូវចំពោះច្បាប់កម្ពុជា ហើយបែរជារត់ចោលស្រុក គេចវេសពីប្រព័ន្ធតុលាការ ខណៈអតីប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ២ថ្ងៃកន្លងមកនេះ បានចោទថា រាជរដ្ឋាភិបាលកម្ពុជា បានរំលោភរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។តាមរយៈសារអេឡិចត្រូនិក តេឡេក្រាម លោក សុខ ឥសាន មានប្រសាសន៍ថា “ផ្អែកតាមស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ តុលា១៩៩១ រាជរដ្ឋាភិបាល បានខិតខំដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា ។ ដូច្នេះ អ្នកណាល្មើសច្បាប់ត្រូវចាប់បង្ខំឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ដើម្បីឲ្យប្រទេសកម្ពុជាជាប្រទេសនីតិរដ្ឋ”។លោក សុខ ឥសាន បានបញ្ជាក់បន្ថែមថា “ការមានវិធានការតាមផ្លូវច្បាប់ចំពោះ ជនល្មើសច្បាប់មិនមែន ជាការធ្វើរដ្ឋប្រហាររដ្ឋធម្នុញ្ញទេ ។
ប្រភព៖សារព័ត៌មានថ្មីៗ