អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងនៅថ្ងៃនេះថា ក្រសួងមហាផ្ទៃនឹងបើកការស៊ើបអង្កេតទៅលើគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងប្រភពថវិការរបស់គណបក្សប្រឆាំងមកពីក្រៅប្រទេស។ បន្ថែមលើនេះ ក្រសួងក៏នឹងស៊ើបអង្កេតផងដែរ ពីបទប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រឆាំងបានច្រានចោលពីផែនការធ្វើបដិវត្តន៍ពណ៌ និងបានចាត់ទុកថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃ គឺជាចេតនានយោបាយ។ការប្រកាសពីការស៊ើបអង្កេតទៅលើប្រភពថវិការរបស់គណបក្សសង្គ្រោះជាតិ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកឈ្មោះ Fresh News បានចុះផ្សាយជាបន្តបន្ទាប់ ពីទំនាក់ទំនងរបស់ក្រុមគ្រួសារលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាមួយជនបរទេស ដែលសារព័ត៌មានក្នុងស្រុកនេះបានអះអាងថា គឺជាចារកម្មបរទេសបង្កប់នៅក្នុងគណបក្សសង្គ្រោះជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា អាជ្ញាធរកម្ពុជាមិនអាចព្រងើយកន្តើយ ចំពោះព័ត៌មានបែកធ្លាយនេះទេ។
ប្រភព៖RFI