គណបក្សប្រឆាំងបង្ហាញជំហរនឹងន និងមិនតក់ស្លុតចំពោះការព្រមានចាត់វិធានការតាមច្បាប់ស្ដីពីគណបក្សនយោបាយ ប្រឆាំងគណបក្សសង្គ្រោះជាតិ ដែលក្រសួងមហាផ្ទៃ គ្រោងនឹងចុះស៊ើបអង្កេតណាមួយនោះទេ។ ការបើកផ្លូវដែលនាំឲ្យក្រសួងមហាផ្ទៃ យល់ឃើញថាអាចមានតម្រុយដែលឈានទៅដល់ការពិនិត្យពីហិរញ្ញវត្ថុរបស់គណបក្សប្រឆាំងជាលើកដំបូងនេះ ត្រូវបានអ្នកវិភាគមើលឃើញថា នេះជាសញ្ញាគ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា ប្រសិនបើឈានទៅរកការបិទទ្វារបក្សប្រឆាំងមែន។អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ក្នុងដំណាក់កាលនេះ ផ្នែករដ្ឋបាលនៃក្រសួងមហាផ្ទៃ បានស្នើទៅអគ្គស្នងការនគរបាលជាតិរួចហើយដែរ ដើម្បីស្នើឲ្យចុះត្រួតពិនិត្យ និងបើកការស៊ើបអង្កេតពីហិរញ្ញវត្ថុរបស់គណបក្សប្រឆាំង ដែលសង្ស័យថាអាចមានលុយមិនប្រក្រតីពីបរទេស ដែលគណបក្សនេះអនុវត្តផ្ទុយពីច្បាប់ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ។លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ អះអាងនៅថ្ងៃទី៣០ សីហា ថា ការអនុវត្តទៅតាមច្បាប់នេះពុំមែនសុខៗ ក្រសួងមហាផ្ទៃ ចេះតែនឹកឃើញទេ ហើយអ្វីដែលក្រសួងមហាផ្ទៃ ស្នើគោលការណ៍នេះឡើង គឺមានតម្រុយដែលគួរឲ្យសង្ស័យដូចការចុះផ្សាយរបស់កាសែតក្នុងស្រុកថ្មីៗនេះ។
ប្រភព៖RFA