បក្សប្រឆាំងអះអាងជាថ្មីទៀតថា គោលបំណងនៃការចង់ឡើងកាន់អំណាចនៅឆ្នាំក្រោយ មិនមែនបង្កើតផែនការហិង្សា ដើម្បីផ្តួលរំលំដៃគូប្រកួត ដូចការចោទប្រកាន់នោះទេ។គណបក្សសង្គ្រោះជាតិបានចេញសេច្តីថ្លែងការណ៍ចុះថ្ងៃទី៣០ខែសីហា លើកឡើងថា ប្រធានគណបក្ស លោក កឹម សុខា បានប្រាប់ថ្នាក់ដឹកនាំ តំណាងមកពី២៥រាជធានីខេត្ត ឲ្យបន្តដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតស្របតាមផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពដែលបានកំណត់។លោក កឹម សុខា បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះទៀតថា «គណបក្សនេះមិនបានគិត មិនបានត្រៀម និងមិនធ្វើសកម្មភាពណាដែលមានអំពើហិង្សាដូចដែលគេមួលបង្កាច់ លាបពណ៌យើងនោះឡើយ ទាំងមុនពេលបោះឆ្នោត ទាំងក្រោយបោះឆ្នោត»។
ប្រភព៖VOD