លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) បានអះអាងថា គណបក្សណាដែលតាំងខ្លួនឯងជាតួឯក បើអត់ពីខ្លួនទៅ គេដទៃទៀតក៏អាចរស់បាន ហើយអាចដំណើរការបោះឆ្នោតបានដែរ កុំច្រឡំឲ្យសោះ។លោក សុខ ឥសាន បានថ្លែងតាមរយៈសារអេឡិចត្រូនិច តេឡាក្រាម (Telagram) នៅរាត្រីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះថា "គណបក្សណាដែលតាំងខ្លួនឯងជាតួឯក បើអត់ពីខ្លួនទៅ មិនប្រជាធិបតេយ្យ ការបោះឆ្នោតមិនដំណើរការបាន ដោយសេរី ត្រឹមត្រូវនិង យុត្តិធ៌មនោះ គឺជាការយល់ច្រឡំហើយ។ គួរយល់ថា បើអត់ពីយើងទៅ គេដទៃទៀត ក៏អាចរស់បាន អាចដំណើរការបោះឆ្នោតបានដែរ កុំច្រឡំឲ្យសោះ"។អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានលើកឡើងចោទបែបសំណួរថា តើកម្ពុជារកគណបក្សនយោបាយបាន ប្ញ មិនបាន? ព្រះរាជាណាចក្រកម្ពុជា ប្រកាន់របបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិទូលំទូលាយ ក្នុងការបង្កើតគណបក្សនយោបាយ សមាគមនិងអង្គការមិនមែន រដ្ឋាភិបាល។
ប្រភព៖សារព័ត៌មានដើមអម្ពិល