យើងខ្ញុំបានអាននូវសេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ អំពីស្ថានការណ៍នៅប្រទេសកម្ពុជាពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចំពោះបុគ្គល កឹម សុខា ជាជនក្បត់ជាតិ ដែលមានផែនការទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់យើងខ្ញុំ។ជាថ្មីម្តងទៀត យើងខ្ញុំសូមបញ្ជាក់ជូនលោកឯកអគ្គរដ្ឋទូត និងមន្ត្រីនាំពាក្យសហរដ្ឋអាមេរិក មេត្តាយល់នូវស្មារតីជាតិ របស់យើងខ្ញុំថា៖ ប្រជាជនកម្ពុជាយើងខ្ញុំ ប្រកាន់ជំហររក្សាមិត្តភាពរវាងប្រជាជននិងប្រជាជន រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ជាមួយគ្រប់បណ្តាប្រទេសជាមិត្តដោយស្មើភាព និងដោយស្មើសិទ្ធិ ព្រមទាំងគោរពដោយសីលធម៌ចំពោះឯករាជ្យភាពនិងអធិបតេយ្យនៃប្រទេសយើងរៀងៗខ្លួន។
ប្រភព៖Fresh news