ព្រះរាជអាជ្ញារងនៃសាលាដំបូងខែត្រប៉ៃលិន កោះហៅជំទប់ទីពីរម្នាក់នៃគណបក្សសង្គ្រោះជាតិ នៅស្រុកសាលាក្រៅ ឲ្យចូលបំភ្លឺជាជនសង្ស័យក្នុងសំណុំរឿងបរិហារកេរ្តិ៍ប្រជាពលរដ្ឋ។ មន្ត្រីគណបក្សប្រឆាំងរូបនេះអះអាងថា ដីកាកោះនេះជាសំណុំរឿងចាស់ ដែលលោកបានប្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តនេះ ដើម្បីស្នើឲ្យពិនិត្យ និងលុបឈ្មោះជនបរទេសចំនួន ២នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ កន្លងទៅ។មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន ហៅដីកាកោះរបស់តុលាការនេះថាជាការគំរាមកំហែងនយោបាយមកលើខ្លួន នៅមុនការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ជំទប់ទី២ ឃុំសាលាក្រៅ នៃគណបក្សសង្គ្រោះជាតិ លោក អ៊ូច សាវុធ ឲ្យដឹងនៅថ្ងៃទី៤ កញ្ញា ថា លោកបានចុះហត្ថលេខាបដិសេធនឹងដីកានោះ រួចបញ្ជូនទៅតុលាការវិញតាមរយៈប៉ូលិសប៉ុស្តិ៍ឃុំសាលាក្រៅ ភ្លាមៗ ក្រោយពីលោកពិនិត្យឃើញថា ក្នុងដីកាសរសេរខុសទីលំនៅ។ លោកថានេះជាលើកទីពីរហើយដែលលោកចុះហត្ថលេខាបញ្ជូនដីកា ដែលសរសេរខុសអាសយដ្ឋានត្រឡប់ទៅសាលាដំបូងខេត្តប៉ៃលិន នោះ៖ «ខ្ញុំសំណូមពរឲ្យតុលាការទម្លាក់ការចោទប្រកាន់នេះចោល កុំមានតទៅទៀត ពីព្រោះខ្ញុំធ្វើការងារនេះដើម្បីជាប្រយោជន៍រួមរបស់ប្រទេសជាតិ ដោយពុំមែនជាប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ»។
ប្រភព៖RFA