មន្ត្រី គ.ជ.ប ថា ការចាប់ខ្លួនមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោត
មន្ត្រីគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ដំណើរការបោះឆ្នោតនឹងមិនរងការប៉ះពាល់ទេ បើទោះជាមានការចាប់ខ្លួនមេដឹកនាំគណបក្សមួយចំនួនដាក់ពន្ធនាគារក្ដី ប៉ុន្ដែអង្គការសង្គមស៊ីវិលនិងសហគមន៍អន្តរជាតិបានមើលឃើញថា វានឹងធ្វើឲ្យដំណើរការបោះឆ្នោតពុំមានភាពសេរីនិង យុត្តិធម៌។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ (គ.ជ.ប) បានឲ្យដឹងកាលពីម្សិលមិញថា គ.ជ.ប មានតួនាទីទទួលខុសត្រូវក្នុងការអនុវត្តច្បាប់និងការរៀបចំតាមនីតិវិធីរៀបចំការបោះឆ្នោតឲ្យប្រព្រឹត្តទៅបានរលូន។ ដូច្នេះ បើទោះបីជាមានការចាប់ខ្លួនមេដឹកនាំគណបក្សមួយចំនួនក៏ដោយ ក៏វាមិនមែនជាហេតុផលរារាំងដំណើរការនៃការ បោះឆ្នោតដែរ។លោកបញ្ជាក់ថា៖ «ហេតុការណ៍ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ គ.ជ.ប មិនអាចទទួលខុសត្រូវបានទេ តែការងាររបស់ គ.ជ.ប គឺជាការងារបច្ចេកទេស ហើយការប្រកួតប្រជែងដោយប្រើភាសារបស់អ្នកនយោបាយថា ប៉ះ ឬមិនប៉ះ វាជារឿងមួយផ្សេងទៀត តែ គ.ជ.ប នៅតែប្រព្រឹត្តទៅជាធម្មតា និងដោយរលូនតាមនីតិវិធីនៃច្បាប់បោះឆ្នោតដដែល»។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍