រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញជំហរខ្លួនគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាសន្តិសុខ និងស្ថិរភាពដោយចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកន្លងមកពាក់ព័ន្ធទោសក្បត់ជាតិ។ ចិនក៏បញ្ជាក់ឡើងវិញថាខ្លួនគាំទ្រការអភិវឌ្ឍរបស់កម្ពុជាដែលស្របតាមស្ថានភាពជាក់ស្តែងក្នុងស្រុករបស់ខ្លួន។ទីក្រុងប៉េកាំង ថ្ងៃចន្ទទី ៤ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានលើកឡើងថា ចិនគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិសុខ ស្ថិរភាពនិងសន្តិភាពក្នុងប្រទេស។ អ្នកនាំពាក្យឆ្លើយបែបនេះក្នុងសន្និសីទកាសែតប្រចាំថ្ងៃ ពេលអ្នកកាសែតចោទសួរពីជំហររបស់ចិន ជុំវិញការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម កឹម សុខា កន្លងមក។អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើបានថ្លែងដូច្នេះ៖ «យើងបានកត់សម្គាល់ឃើញព័ត៌មាននេះដែរ។ ជាអ្នកជិតខាងល្អ ជាមិត្ត ជាដៃគូ និងបងប្អួនរបស់កម្ពុជា ភាគីចិនតែងតែគាំទ្រការអភិវឌ្ឍរបស់កម្ពុជាដែលស្របតាមលក្ខខណ្ឌក្នុងស្រុករបស់ខ្លួន និងការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិសុខជាតិ និងស្ថិរភាពផងដែរ»។
ប្រភព៖សារព័ត៌មានថ្មីៗ