លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ សម្រេចបង្កើត សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមានទីស្នាក់ការកណ្ដាល នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបង្រួបបង្រួមជាតិ ដោយឈរលើមូលដ្ឋាន ប្រជាធិបតេយ្យពិតប្រាកដ ។លោក សម រង្ស៊ី បានសរសេរក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១២ កញ្ញានេះថា" ដោយសារតែខ្ញុំ ឈប់ជាសមាជិក គណបក្សនយោបាយណាមួយហើយ និងឈប់មានតួនាទី ឬមុខងារនយោបាយអ្វីឡើយ ខ្ញុំមានសេរីភាព ពេញលេញ នៅពេលនេះ ដោយគ្មានចំណង ជាមួយគណបក្សណា ឬក្រុមនយោបាយណាមួយឡើយ។ ប៉ុន្តែដោយសារតែខ្ញុំ នៅតែមានបំណងចង់ជួយ និងចង់បម្រើប្រទេសកម្ពុជា ដែលជាមាតុភូមិ ជាទីស្នេហារបស់ខ្ញុំ ខ្ញុំយល់ឃើញថា កាតព្វកិច្ចរបស់ខ្ញុំ នៅពេលនេះ គឺយកសេរីភាព និងឯករាជ្យភាព ដែលខ្ញុំទើបតែទទួលបាន មកប្រើប្រាស់ ដើម្បីបង្រួបបង្រួម ជនជាតិខ្មែរទាំងអស់ ក្នុងគោលបំណង សម្រេចឯកភាពជាតិ ដោយមានលទ្ធិប្រជាធិបតេយ្យ ជាមូលដ្ឋាន"។
ប្រភព៖សារព័ត៌មានដើមអម្ពិល