មន្ដ្រីរដ្ឋាភិបាលព្រមានថា វិទ្យុអាស៊ីសេរី ដែលប្រតិបត្តិការជិត២០ឆ្នាំនោះ នឹងលែងមានវត្តមានបន្ដទៀតនៅកម្ពុជា ប្រសិនបើស្ថានីយវិទ្យុមួយនេះ បន្ដប្រព្រឹត្តអំពើបំពានច្បាប់។ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រទី១៥សីហានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែងថា ការបិទការិយាល័យនៅទីក្រុងភ្នំពេញ គឺជាការសម្រេចចិត្តរបស់វិទ្យុអាស៊ីសេរីខ្លួនឯង បន្ទាប់ពីវិទ្យុមួយនេះ ខកខានមិនបានចុះបញ្ជី និងចុះឈ្មោះបើកការិយាល័យ ជាមួយក្រសួងព័ត៌មាន។ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា ការបំបែកបុគ្គលិកឲ្យធ្វើការតាមផ្ទះនោះ លោកចោទថា វិទ្យុអាស៊ីសេរី កំពុងដើរលើផ្លូវងងឹត ខុសពីស្ថាប័នព័ត៌មានផ្សេងទៀត។លោក គឹមសេង ព្រមានថា បើសិនជា វិទ្យុមួយនេះ បន្ដសកម្មភាពខុសច្បាប់ទាំងនេះ គឺអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ នឹងមានវិធានការតាមច្បាប់ ដោយមិនឲ្យ វិទ្យុអាស៊ីសេរី មានវត្តមានក្នុងប្រទេសកម្ពុជា។
ប្រភព៖VOD