លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាប្រកាសទទួលយកប្រជាពលរដ្ឋខ្មែរ ដែលមានទោស នៅសហរដ្ឋអាមេរិក ត្រឡប់មកកាន់កម្ពុជាវិញ ។ពលរដ្ឋខ្មែរដែលភៀសខ្លួន ក្នុងសម័យសង្រ្គាមទៅអាមេរិក បច្ចុប្បន្នពុំទាន់បានចូលសញ្ជាតិអាមេរិក និងកំពុងរស់នៅអាមេរិក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយអនុឡោម តាមអនុស្សរណៈ នៃការយោគយល់គ្នា ដែលបានចុះហត្ថលេខា តាំងពីឆ្នាំ២០០២ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់អូរឌឹម នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ទន្ទឹមនឹងកម្ពុជាបញ្ជូននិស្សិត ទៅបន្តការសិក្សានៅក្រៅប្រទេស កាន់តែច្រើន កម្ពុជាក៏មានរឿងអកុសល ប៉ុន្តែកម្ពុជា នៅតែដោះស្រាយបញ្ហាទាំងនោះ គឺត្រូវតែទទួលយកជនជាតិខ្មែរពីអាមេរិក ។លោកថា ពលរដ្ឋខ្មែរចំនួន ៦០០នាក់ហើយ ដែលត្រូវបានអាមេរិក បញ្ជូនត្រឡប់មកកម្ពុជាវិញ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល