ថ្ងៃព្រហស្បតិ៍ទី២៧ កុម្ភៈសប្តាហ៍ក្រោយនេះ គឺជាគម្រោងជំនួបលើកទី២រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ជាជំនួបដែលមានសមាសភាពម្ខាង៦នាក់ ដើម្បីបង្កើតគណៈកម្មការចម្រុះ សិក្សាស្រាវជ្រាវលើកំណែទម្រង់ស៊ីជម្រៅនៃការបោះឆ្នោតទាំងមូល។ នេះបើតាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិជាខេមរភាសារ ដែលបានចេញផ្សាយនាថ្ងៃទី២៣ កុម្ហះ។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃអាទិត្យម្សិលម៉ិញ លោក សុន ឆ័យ ប្រធានក្រុមចរចារបស់គណបក្សសង្គ្រោះជាតិ មានបានឱ្យដឹងថា គណបក្សរបស់លោកកំពុងតែរង់ចាំចម្លើយពីគណបក្សប្រជាជនកម្ពុជា ថាតើគណបក្សកាន់អំណាច នឹងយល់ព្រមសំរេចយកថ្ងៃទី ២៧ កុម្ភៈ ជាជំនួបលើកទី២ ជាផ្លូវការតាមសំណើរបស់គណបក្សប្រឆាំងដែរ ឬយ៉ាងណា។
ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់ការរិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ដែលជាសមាសភាពចរចាម្នាក់ដែរនោះ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា គឺកំពុងតែទន្ទឹងរង់ចាំជំនួបលើកទី២នេះ។ ប៉ុន្តែ លោកនៅមិនទាន់បានចំណារសំរេចជាផ្លូវការពីថ្នាក់ដឹកនាំកំពូល គណបក្សនៅឡើយទេ។
គេហទំព័រដដែលនេះក៏បានលើកឡើងបន្តទៀតថាប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងប្រាប់វិទ្យុបារាំងនៅថ្ងៃអាទិត្យដែរថា សមាសភាព៦រូបរបស់គណបក្សសង្គ្រោះជាតិ មាន លោក សុន ឆ័យ, លោក យឹម សុវណ្ណ, លោក គួយ ប៊ុនរឿន, លោក អេង ឆៃអៀង និងលោកម៉ៅ មុន្នីវណ្ណ រួមទាំងលោក ហូរ វ៉ាន់។ ដោយឡែក សមាសភាព៦រូបរបស់គណបក្សប្រជាជនកម្ពុជា មាន លោក ប៊ិន ឈិន, លោក ជាម យៀប, លោក ឈាង វ៉ុន, លោក ប៉ែនបញ្ញា និងលោក ស៊ិក ប៊ុនហុក រួមទាំងលោកស្រី គ្រួច សំអាន។