កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៤ នៅទីស្នាក់ការគណៈកម្មការរៀបចំការបោះ ឆ្នោតខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំចម្រុះមួយ ស្តីពីការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី២ ក្រោមអធិបតីភាពលោក គិន ជាន ប្រធានគណៈកម្មការរៀបចំការ បោះឆ្នោតខេត្តមណ្ឌលគិរី ។
សមាសភាពអ្នកចូលរួមមានតំណាឯកឩត្តមអភិបាលខេត្ត ក្រុមការងារគ.ខ.ប ស្នងការនគរបាល អ្នកជំនាញច្បាប់ តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ។
បើតាមការរាយការណ៍ពីបណ្តាញខុមហ្វ្រែលដែលបានចូលរួមក្នុងអង្គប្រជុំនោះបានឲ្យដឹងថារបៀបវារៈដែលបានលើកឡើងមាន៖
-ផ្សព្វផ្សាយអំពីដំណើរការនិងការវិវត្ត នៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២ (ហៅកាត់ក្រុមប្រឹក្សា)។
-ផ្សព្វផ្សាយអំពីផែនការអន្តរស្ថាប័នលេខៈ០១៤ ផក.១១ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ ស្តីពីកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ និងសម្រាប់ដំណើរការរៀបចំពិនិត្យបញ្ជីឈោ្មះ និងចុះឈ្មោះបោះឆោ្នត ប្រចាំឆ្នាំ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ ថា្នក់ជាតិ ឆ្នាំ២០១១/២០១៤ របស់ក្រសួងមហាផ្ទៃការពារជាតិ និងគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ។
-ពិភាក្សាអំពីបញ្ហាផ្សេងៗ និងកំណត់ថ្ងៃសម្រាប់កិច្ចប្រជុំចម្រុះនៅសបា្តហ៍ក្រោយៗទៀត ។
បន្ទាប់ពីកិច្ចប្រជុំហើយ អង្គប្រជុំបានធ្វើការសម្រចទៅលើការប្រជុំប្រចាំសបា្តហ៍ គឺជារៀងរាល់ថ្ងៃសុក្រ ទៅលើ ការប្រជុំសម្រុះ នៅស្នាក់ការគណកម្មការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី ។