សាលាដំបូងរាជធានីភ្នំពេញ សម្រេចកោះដើមបណ្តឹងរដ្ឋប្បវេណីយុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ដើម្បីសាកសួរនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជុំវិញបណ្តឹងប្តឹងលោកនាយកដ្ឋមន្ត្រីហ៊ុន សែន ពាក់ព័ន្ធនឹងបទល្មើសកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះឲ្យវៀតណាម ។នេះបើយោងតាមគេហទំព័រវីអូឌី ចេញផ្សាយកាលពីម្សិលម៉ិញ។
ក្រោយទទួលបានដីកាកោះ នៅសាលាដំបូងរាជធានីភ្នំពេញម៉ោងប្រមាណជាង៩ព្រឹក ថ្ងៃអង្គារ លោក នាង សុឃុន យុវជនម្នាក់មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ឲ្យដឹងថា លោក មាស ច័ន្ទពិសិដ្ឋព្រះរាជអាជ្ញារង សម្រេចកោះហៅរូបលោកឲ្យចូលបំភ្លឺពីដំណើររឿងបណ្តឹងរបស់ខ្លួន នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ វេលាម៉ោង៩ព្រឹក។លោក អះអាងដោយមានជំនឿចិត្តថា បើបណ្តឹងនេះ ដំណើរការត្រឹមត្រូវនោះជនល្មើសនឹងត្រូវផ្តនា្ទទោសតាមច្បាប់ ហើយកោះត្រល់ និងកោះក្រចកសេះនឹងត្រូវប្រគល់មកកម្ពុជា តាមយន្តការអន្តរជាតិ។
យ៉ាងណាក៏ដោយ លោក ព្រមានថា នៅថ្ងៃខាងមុខ បើតុលាការផ្អឹបសំណុំរឿងចោល ឬចាត់ការដោយគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវនោះលោក នឹងប្រមូលក្រុមយុវជន ដែលស្នេហាជាតិ ធ្វើសកម្មភាពទ្រង់ទ្រាយដើម្បីបង្ហាញទៅសាធារណជន និងអន្តរជាតិពីភាពមិនឯករាជ្យនៃប្រព័ន្ធតុលាការនៅកម្ពុជា។
លោក នាង សុឃុន យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ នៅព្រឹកថ្ងៃ២៥ កុម្ភះ(រូបថតដោយតាំង វីដា)