យោងតាមគេហទំព័រវីអូឌីដែលបានចេញផ្សាយនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបកស្រាយថារដ្ឋាភិបាលមិនបានបង្កើនពន្ធសម្រាប់ទំនិញ ដែលកំពុងចរាចរណ៍ក្នុងប្រទេស តែរដ្ឋាភិបាលកំពុងតែរឹតបន្តឹងការប្រមូលពន្ធឲ្យបានម៉ឹងម៉ាត់ គឺការប្រមូលពន្ធឲ្យអស់។ លោកបញ្ជាក់ថា ការបង្កើនពន្ធ មានតែលើផលិតផលសម្រាប់សុខមាលភាពមួយចំនួន ដូចជាស្រា និងបារីជាដើម ដែលគ្មានសម្ពាធលើប្រជាពលរដ្ឋធម្មតាទេ។
ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៧ នៅវិមានសន្តិភាព លោក ហ៊ុន សែន បានអំពាវនាវឲ្យវិស័យឯកជន និងវិស័យរដ្ឋ បង់ពន្ធឲ្យមានតម្លាភាព ដើម្បីជាការបង្កើនចំណូលរដ្ឋ សម្រាប់ប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកងកម្លាំងការពារប្រទេសផ្សេងៗ។លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា រដ្ឋាភិបាល ពង្រឹងការអនុវត្តគោលនយោបាយ មិនមែនដាក់បន្ទុកធ្ងន់ ឬដំឡើងពន្ធថ្មីនោះទេ គឺដើម្បីបង្កើនចំណូលដោយយកពន្ធឲ្យអស់ និងចាត់វិធានការចំពោះការគេចវេសពន្ធ។