អភិបាលរាជធានីភ្នំពេញ បានព្រមានលុបចោល ភាស៊ីផ្ញើកង់-ម៉ូតូ នៅតាមផ្សារទាំងឡាយណា ក្នុងរាជធានីភ្នំពេញ បើសិនបន្ដយកថ្លៃលើស សៀវភៅបន្ទុកដែលបានកំណត់ ហើយស្នើឱ្យដាក់ពាក្យបណ្ដឹង តាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងភាស៊ីនៅតាមផ្សារទាំងនោះ ។ ការព្រមានខ្លាំងៗ របស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៤នេះ នៅក្នុងកិច្ចប្រជុំ ដាក់ផែនការ ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ជាមួយប្រធានផ្សាររដ្ឋ ឯកជន ទូទាំងរាជធានីភ្នំពេញ ។
លោកអភិបាលបានលើកឡើងថា ដោយសារតែការយកលុយលើសពីសៀវភៅបន្ទុក សម្រាប់កន្លែង ផ្ញើកង់-ម៉ូតូនានា នៅតាមផ្សារបែបនេះ ធ្វើឱ្យមានការរិះគន់ និងថ្នាំងថ្នាក់អារម្មណ៍ ពីសំណាក់ប្រជាពលរដ្ឋ និង អាជីវករ ហើយពួកគាត់បានស្ដីបន្ទោស ចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរ រាជធានីភ្នំពេញ ។ ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យដាក់ប្រអប់សំបុត្រ នៅតាមផ្សារនីមួយៗ ដើម្បីទទួល លិខិតស្ដីពីយោបល់មតិ និងការរិះគន់នានារបស់ក្រុមអាជីវករ ប្រជាពលរដ្ឋ ហើយអភិបាលខណ្ឌត្រូវកាន់ ប្រអប់សំបុត្រនេះ ដើម្បីពិនិត្យមើល និងកែលំអឡើងវិញ ។
នេះបើតាមគេហទំព័រដើមអំពិលដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃ០៥ មីនា ម្សិលម៉ិញ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស