ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌខាងមុខ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានសម្រេចដាក់បេក្ខជនចំនួន១៩រូប ក្នុងមណ្ឌលស្រុកសូទ្រនិគមន៍ ដែលស្ថិតក្នុងខេត្ត សៀមរាប។ លោក ហ៊ុន ទិត្យា អគ្គលេខាធិការបក្ស បានបង្ហាញក្ដីរំពឹងពីការបោះឆ្នោតខាងមុខថា នឹងទទួលបានអាសនៈចំនួន១ ក្នុងចំណោមអាសនៈសរុបចំនួន១៩ ។
យោងតាមគេហទំព័រថ្មី ៗដែលបានចេញផ្សាយនៅព្រឹកថ្ងៃពុធម្សិលម៉ិញ លោក ហ៊ុន ទិត្យា អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រាប់ថាការសម្រេចដាក់បេក្ខជនប្រកួតប្រជែងក្នុងស្រុកសូទ្រនិគមន៍ ដោយសារគណបក្សរបស់លោកមានសំឡេងសមាជិកក្រុមប្រឹក្សាឃុំចំនួន៥រូប ក្នុងស្រុកមួយនេះ។ បើផ្អែកតាមចំនួនសមាជិកក្រុមប្រឹក្សាឃុំ លោក ហ៊ុន ទិត្យា រំពឹងថា គណបក្សរបស់លោកនឹងទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាស្រុកសូទ្រនិគម ន៍ចំនួន១អាសនៈ។