ជាលទ្ធផលដែលមួយដែលគេនឹកស្មានមិនដល់ ការជួបចរចាគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានធ្វើការឯកភាពគ្នាលើចំនុច រហូតដល់ទៅ ១៤ ចំនុច។ បើតាម លោក ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា រាល់គ្រប់ចំនុចទាំង ១៤ ខាងលើដែលក្រុមការនៃគណបក្សទាំង ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានសម្រេចឯកភាពគ្នានៅថ្ងៃនេះ នឹងត្រូវដាក់ចូលទៅក្នុងសិក្ខាសាលាថ្នាក់ និងវេទិការសាធារណៈ ដែលនឹងអាចធ្វើឡើងនៅក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដោយសិក្ខាសាលាដែលនឹងត្រូវរៀបចំនេះ នឹងមានវត្តមានអង្គការសង្គមស៊ីវិល អ្នកដែលមានជំនាញបោះឆ្នោតចូលរួមផងដែរ។
លោក ប៊ិន ឈិន បានបន្ថែមថា ក្រុមការងារនៃគណបក្សទាំង ២ បានសម្រេចឯកភាពគ្នានឹងបន្តរជួបគ្នាម្តងទៀតនៅថ្ងៃច័ន្ទ ទី ២៤ ខែមិនា ដោយបានកំណត់ប្រធានបទដើម្បីពិភាក្សា រួចជាស្រេច គឺនឹងពិភាក្សាទៅលើបែបបទនៃការរៀបចំសិក្ខាសាលា និងវេទិការសាធារណៈ។