លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងនៅ ព្រឹកថ្ងៃចន្ទម្សិលម៉ិញថាកិច្ចប្រជុំដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ និងក្រុមការងារដឹកនាំដោយ លោក ម៉ម សូណង់ដូ នៅព្រឹកថ្ងៃទី២៤ ខែមីនា ស្តីពីការស្នើយកទីលានប្រជាធិបតេយ្យធ្វើបាតុកម្ម និងដើរហែក្បួនទៅក្រសួងព័ត៌មានសាលាធានីភ្នំពេញនោះ ជាលទ្ធផល គឺមិនទាន់អនុញ្ញាតទេ។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ លោក ម៉ម សូណង់ដូ បានដាក់លិខិតទៅ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដើម្បីជូនដំណឹង ស្តីពីការធ្វើបាតុកម្ម នៅថ្ងៃទី៣១ ខែមីនាខាងមុខ។ លោកនឹងដឹកនាំបាតុករប្រមាណ ២០០ នាក់ ទៅជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ និងដើរហែក្បួនទៅកាន់ក្រសួងព័ត៌មាន ដើម្បីទាមទារឲ្យក្រសួងព័ត៌មានអនុញ្ញាត ឲ្យវិទ្យុសំបុកឃ្មុំដំឡើងកម្លាំងផ្សាយបន្ត ទៅតាមខេត្ត និងសុំហ្វ្រេកង់សម្រាប់បង្កើតទូរទស្សន៍ ទៅតាមសំណូមពរ របស់ប្រជាពលរដ្ឋរាប់លាននាក់។ ដកស្រង់ពីគេហទំព័រវិទ្យុអេប៊ីស៊ីអូស្រ្តាលីជាខេមរភាសារដែលបានចេញផ្សាយកាលពីថ្ងៃ២៤ មីនា។