បើទោះបីជាការចរចារវាងគណបក្សទាំង ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានធ្វើឡើងអស់ជាច្រើនលើកច្រើនសារ គណបក្សទាំង២ នៅមិនទាន់អាចរកឃើញច្រកចេញណាមួយនៅឡើយនោះទេ។
ជាក់ស្តែងការចរចាររវាងគណបក្សទាំង ២ នាលើកចុងក្រោយកាលពីថ្ងៃទី២៤ ខែមិនា ថ្មីៗនេះ គណបក្សទាំង ២ មិនបានឯកភាពគ្នាអ្វីទាំងអស់ ហើយគណបក្សសង្គ្រោះជាតិ ថែមទាំងបានធ្វើប្រកាសផ្អាកការចចារថែមទៀតផង។
ការប្រកាសផ្អាកការចចារនេះមកពីការខ្វែងគំនិតគ្នាជំវិញបញ្ហាកំណែទម្រង់ គ.ជ.ប។ បើតាមលោក សម រង្ស៊ី គណបក្សសង្គ្រោះជាតិ នៅតែមានគោលជំហរទាមទារឲ្យស្ថាប័ន គ.ជ.ប ទៅជាស្ថាប័នដែលឯករាជ្យពិតប្រាកដក ដោយដាក់បញ្ចូលទៅជាស្ថាប័នធម្មនុញ និងត្រូវអនុម័តដោយសំឡេងសមាជិកសភា ២ ភាគ ៣ នៃសមាជិកទាំងមូល។
ការទាមទារនេះត្រូវបានលោក សម រង្ស៊ី ពន្យល់ថាគឺដើម្បីឲ្យស្ថាប័នរៀបចំការបោះមួយនេះកុំឲ្យស្ថិតនៅក្រោមសម្ពាធ ឬក្រោមអំណាចគណបក្សមួយណា។ លោកបានបន្តថា បើទោះបីជារូបមន្តដែលបានដាក់ចេញដោយគណបក្សសង្គ្រោះជាតិនៅពេលនេះត្រូវបាន លោក សម រង្ស៊ី បញ្ជាក់ថាវាពិតជាសំខាន់ និងដែលត្រូវធ្វើឲ្យបាននៅពេលនេះ តែលោកក៏ស្វាគមន៍ក្នុងការជជែកពិភាក្សា បើសិនជាគណបក្សប្រជាជនកម្ពុជាមានរូបមន្តអ្វីថ្មីទៅលើការកែទម្រង់ស្ថាប័នមួយនេះ។
លោកបានបន្ថែមថា ថាការផ្អាកការចរចាជាបណ្តោះអាសន្ននេះគឺដើម្បីរង់ចាំចម្លើយ និងឆន្ទៈរបស់គណបក្សប្រជាជនកម្ពុជាថាតើមានបំណងពិតប្រាកដនៅក្នុងការធ្វើកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតដែរឬទេ។ នេះជាការលើកឡើងរបស់លោក ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការរបស់ខ្លួននាព្រឹកនេះ។