យោងតាមសារព័ត៌មានក្នុងស្រុកដែលបានចេញផ្សាយនារសៀលថ្ងៃទី០១ មេសា នៅក្នុឳកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ក្រុមអ្នកកាសែតថា "គណបក្សប្រជាជនកម្ពុជា បានកំណត់ថា ត្រូវដើរទៅមុខ។ ឯអ្នកដទៃ ម្តងគេដើរទៅមុខ ម្តងគេដើរថយក្រោយ។ ដូច្នេះត្រូវទៅសួរខាងគេនោះ ( ការកំណត់ថ្ងៃចរចា ថ្នាក់កំពូល ) មិនត្រូវមកសួរខ្ញុំទេ"។
លោកបានបន្ថែមប្រាប់ក្រុមអ្នកកាសែតថា គណបក្សប្រជាជនកម្ពុជា រង់ចាំជួបចរចាថ្នាក់កំពូល ជាមួយគណបក្សសង្គ្រោះជាតិ។ នោះគឺគណបក្សប្រជាជនកម្ពុជា បានកំណត់ច្បាស់ហើយថា ត្រូវដើរទៅមុខ។
ការលើកឡើងបែបនេះបានធ្វើឡើងក្រោយប៉ុន្មាននាទី ដែលលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមន្ត្រីជាន់ខ្ពស់ថ្នាក់កំពូល របស់គណបក្សប្រជាជនកម្ពុជា បានប្រាប់ក្រុមអ្នកកាសែត នៅរដ្ឋសភា នាព្រឹកថ្ងៃទី១ មេសា ដដែលនេះថា កិច្ចប្រជុំថ្នាក់កំពូល រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហានយោបាយ ក្រោយការបោះឆ្នោត គឺនៅពេលនេះ គណបក្សទាំងពីរ កំពុងតែរៀបចំ។
បណ្តាគេហទំព័រក្នុងស្រុកបានលើកឡើងបន្ថែមថា ថ្នាក់ដឹកនាំកំពូល គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់អំពីករណីនេះ បន្ទាប់ពីកិច្ចប្រជុំ រវាងគណៈកម្មការចម្រុះ សម្រាប់កែទម្រង់ការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានសមាសភាពម្ខាងៗ ៦ រូប បានជាប់គាំង ក្នុងកិច្ចប្រជុំចរចា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។
គណៈកម្មការចម្រុះ របស់គណបក្សទាំងពីរ បានសម្រេចទុកលទ្ធភាពឲ្យថ្នាក់ដឹកនាំកំពូល ជួបប្រជុំដោះស្រាយ លើបញ្ហាជាប់គាំង គឺការកែទម្រង់គជប ជាស្ថាប័នធម្មនុញ្ញ និងការបោះឆ្នោតជ្រើសតាំង សមាជិក គជប ដោយសំឡេង ២ ភាគ ៣ នៃចំនួនសមាជិករដ្ឋសភាសរុប ១២៣ រូប៕