ក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារនេះ ឲ្យដឹងថា ខ្លួនបានឯកភាពចំពោះសំណើរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលសុំបង្កើតគណបក្សថ្មី ដែលមានឈ្មោះថា «សង្គមរាស្ត្រ រាជាធិបតេយ្យ» និងបានឆ្លើយតបទៅគណបក្សនេះវិញ តាំងពីដើមសប្តាហ៍មុន។
យោងតាមគេហទំព័រវីអូឌី បានដកស្រង់សំដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងបានសម្រេចឯកភាពចំពោះសំណើរសុំបង្កើតគណបក្សនយោបាយមួយនេះ បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់ថា មានលក្ខខណ្ឌគ្រប់គ្រាន់។ តែទោះជាយ៉ាងណា លោកថា នេះគ្រាន់តែជាដំណាក់កាលទី១ប៉ុណ្ណោះ ចំណែកដំណាក់កាលទី២ គណបក្សនេះត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃដដែល ប៉ុន្តែត្រូវមានសមាជិកគាំទ្រយ៉ាងតិច ៤០០០ ទៅ ៥០០០នាក់។
កាលពីថ្ងៃទី១៧ ខែមីនា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតគណបក្សនយោបាយ ដោយបានឡាយព្រះហស្ថលេខា លើលិខិតសុំបង្កើតគណបក្សនេះ និងមានរូបទ្រង់ផ្ទាល់ និងប្រជាពលរដ្ឋ ៩៩នាក់ បានឯកភាពគ្នាផ្តួចផ្តើមបង្កើត គណបក្សដែលមានឈ្មោះថា «សង្គមរាស្ត្រ រាជាធិបតេយ្យ» ដោយសរសេរអក្សរកាត់ (ស.រ.រ) ។ ក្នុងលិខិតស្នើសុំនេះ ក៏បានភ្ជាប់នូវឯកសារពាក់ព័ន្ធមួយចំនួនរួមមាន ពាក្យសុំបង្កើតគណបក្សនយោបាយ ប្រវត្តិរូបសង្ខេប បញ្ជីរាយនាមប្រជាពលលរដ្ឋខ្មែរចំនួន ៩៩នាក់ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងគណៈកម្មាធិការបណ្តោះអាសន្ន ដែលមានសមាសភាព ៧រូប ផងដែរ។