នៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៤ ប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី បានផ្ញើសារ ថ្វាយព្រះមហាក្សត្រ ថារដ្ឋសភាបច្ចុប្បន្ន គឺមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខែ្មរឡើយ។ លិខិតដដែលបន្ដថា រដ្ឋសភានេះពុំអាចធ្វើជាតំណាងឲ្យបានប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ ដោយសារតែសម័យប្រជុំដំបូងមានសមាជិកចូលរួមមិនគ្រប់តាមមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យមានតំណាងរាស្រ្ត គ្រប់ចំនួន ១២០រូប និងបានចោទប្រកាន់ថា ជារដ្ឋសភាឯកបក្ស មានតែគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា លិខិតនេះត្រូវបានធ្វើឡើងក្រោយពី ព្រះរាជសារបស់ព្រះមហាក្សត្រជូនដល់សម័យ ប្រជុំរដ្ឋសភា លើកទី ២ នីតិកាលទី ៥ មានខ្លឹមសារថា ព្រះអង្គទ្រង់សង្ឃឹមយ៉ាងមុតម៉ាំ ចំពោះរដ្ឋសភាជាតិតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល នឹងបន្ដខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្រេចឲ្យបាននូវទិសដៅរួមរបស់កម្ពុជា ជាជំហានៗធានានូវសង្គមកម្ពុជាមួយ ដែលរឹងមាំ មានសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចិរភាព និងសមធម៌។