ដំណើរការកិច្ចប្រជុំសភាលើកទី២ នីតិកាលទី៥ ក្នុងថ្ងៃទី៣ ខែមេសានេះ ក្រោមសំឡេងគាំទ្រ ៦៤ លើ៦៤សំឡេងនៃសមាជិកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សភាបានសម្រចអនុម័តច្បាប់ស្តីពីផ្លូវថ្នល់ ។ នេះបើយោងតាមគេហទំព័រវីអូឌីដែលបានចេញផ្សាយនាថ្ងៃទី០៣ មេសានេះ។
ច្បាប់នេះ រៀបចំឡើងដើម្បីជាវិធានការបង្ការ និងចាត់ការលើទង្វើអសកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រួមមាន ការដឹកជញ្ជូនលើសទម្ងន់ ការសាងសង់គ្មានគុណភាព ការជីកគាស់ ការចោះខួងលើ-ក្រោមផ្លូវថ្នល់ ការទន្ទ្រានកាន់កាប់ដីចំណីផ្លូវ ការបំផ្លិចបំផ្លាញសំណង់សិល្បការ្យជាដើម។
សេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់ ស្តីពីផ្លូវថ្នល់ ឲ្យដឹងថា ច្បាប់នេះ មាន១៣ជំពូក ៨១មាត្រា និងមានវាក្យស័ព្ទបច្ចេកទេសចំនួន ៣៨ ត្រូវបានប្រើក្នុងច្បាប់នេះ។