ថ្លែងក្នុងសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃពុធ ទី២ ខែមេសា លោក សន មគ្គិនថស្ស (Sean J. McIntosh) មន្ត្រីទំនាក់ទំនងកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ថ្លែងថា ជំនួបចរចារវាងមេដឹកនាំថ្នាក់កំពូលរបស់គណបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ គួរត្រូវកំណត់ថ្ងៃជួបប្រជុំឲ្យបានឆាប់។ ជំនួបកំពូលនេះ លោកមានជំនឿថា គណបក្សឈ្នះអាសនៈសភានីតិកាលទី៥ ទាំងពីរ នឹងអាចមានលទ្ធផលល្អ។
ទាក់ទងបញ្ហានេះ លោក សុន ឆ័យ ប្រធានក្រុមការងារជួបចរចាគណបក្សសង្គ្រោះជាតិ បានឲ្យដឹងនៅថ្ងៃពុធ ទី២ ខែមេសា ថា ជំនួបរវាងថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ អាចនឹងចូលមកដល់ក្នុងពេលឆាប់ៗ ប៉ុន្តែកាលបរិច្ឆេទផ្លូវការមិនទាន់កំណត់ឲ្យពិតប្រាកដទេ។ លោកបន្តថា ជំនួបរវាងថ្នាក់ដឹកនាំកំពូលនៅថ្ងៃខាងមុខ គណបក្សសង្គ្រោះជាតិ បានផ្តល់ឯកសារ ជូនគណបក្សប្រជាជនកម្ពុជា ពិនិត្យរួចហើយ។
ក្រោយចេញពីប្រជុំសភាកាលពីថ្ងៃអង្គារ ទី១ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យអ្នកកាសែតដឹងថា ការចរចានេះ គណបក្សប្រជាជនកម្ពុជា បានបោះជំហានទៅមុខជានិច្ច ប៉ុន្តែគណបក្សផ្សេងគិតបែបណា លោកមិនដឹងទេ៖ «ថ្ងៃនេះខ្ញុំមិនអាចបំពេញបំណងអស់លោកបានទេ យើងមានបំណងដើរទៅមុខ ឯអ្នកដទៃគេម្ដងដើរទៅមុខ ម្ដងថយក្រោយ។ អ៊ីចឹងអស់លោកត្រូវសួរទៅអ្នកដទៃ មិនមែនសួរខ្ញុំទេ»។
ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរី ជាខេមរភាសារចេញផ្សាយនាថ្ងែទី០២ មេសា។