នៅក្នុងកិច្ចពិភាក្សារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី នៅថ្ងៃពុធម្សិលម៉ិញនេះ មេដឹកនាំទាំងពីរបានលើកឡើងពីប្រធានបទចំនួន ៣ ចំណុចសំខាន់ដួចជា ការបោះឆ្នោតមុនអាណត្តិ ជាដើម។ នេះបើតាមការឲ្យដឹងពីលោក អេង ឆៃអ៊ាង អនុប្រធានគណកម្មការនាយកនៃគណបក្សសង្គ្រោះជាតិ។ យោងតាមមន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំងរូបនេះ មេដឹកនាំទាំងពីបានពិភាក្សាគ្នាលើកាលបរិច្ឆេទបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រខែកុម្ភៈឆ្នាំ២០១៨ និងការបោះឆ្នោតឃុំសង្កាត់ខែកុម្ភៈឆ្នាំ២០១៧ ប៉ុន្តែមិនទាន់មានការសម្រេចយ៉ាងណានោះទេ។
ប្រធានបទដែលថ្នាក់ដឹកនាំគណបក្សទាំងពីរលើកឡើង ត្រូវបានគេហទំព័រថ្មីៗដកស្រង់ពីអ្នកនាំពាក្សដោយបានប្រាប់ថា ប្រធានបទចំនួន៣នោះគឺ ទី១កំណត់ពេលវេលាបោះឆ្នោតមុនអាណត្តិ ទី២ ការកែទម្រង់ស្ថាប័នគ.ជ.ប និងទី ៣ លើបញ្ហាប្រព័ន្ធផ្សព្វផ្សាយ។
លោក អេង ឆៃអ៊ាង អនុប្រធានគណកម្មការនាយកនៃគណបក្សសង្គ្រោះជាតិ និងជាអ្នកនៅស្តាប់លោក សម រង្ស៊ី និយាយជាមួយលោក ហ៊ុន សែន ផងនោះ បានប្រាប់គេហទំព័រថ្មីៗយ៉ាងដូច្នេះថា៖«លោកប្រធានបានទូរសព្ទនិយាយជាមួយឯកឧត្តមស ខេងប្រហែល១០នាទី។ បន្ទាប់មក ដើម្បីអោយមានការសម្រេចបានលឿន លោកប្រធានក៏បានទូរស័ព្ទទៅសម្តេចហ៊ុន សែនតែម្តង។ ពួកគាត់និយាយគ្នាប្រមាណ៤៥នាទី»។
លោកអេង ឆៃអ៊ាងមិនទាន់អាចបញ្ជាក់អំពីលទ្ធផលនៃការពិភាក្សាតាមទូរសព្ទរបស់ មេដឹកនាំគណបក្សទាំងពីរនោះនៅឡើយទេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា «កាលណាអ្នកសម្រេចចិត្តផ្នែកនយោបាយបានជជែកគ្នា វានឹងអាចមានលទ្ធផលលឿន»។