សេចក្តីព្រាងច្បាប់ស្តីពីអ៊ីនធឺណិតដែលផ្សព្វផ្សាយជាសាធារណៈនៅ ថ្ងៃពុធម្សិលម៉ិញនេះបង្ហាញថា អ្នកប្រើប្រាស់អ៊ីនធឺណិតណាដែលបង្ហោះព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានចរិតញុះញុង់ ឬប្រាសចាកពីការណ៍ពិត អាចនឹងត្រូវពិន័យជាប្រាក់ និងជាប់ពន្ធនាគារចន្លោះពី១ឆ្នាំទៅ៣ឆ្នាំ។
ក្រុមមន្ត្រីរដ្ឋាភិបាល មន្ត្រីអង្គការជាតិ និងអន្តរជាតិកំពុងជជែកពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការ គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងស្ថិតនៅក្រោមការរិះគន់។ នេះបើយោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលបានឲ្យដឹង នៅថ្ងៃពុធម្សិលម៉ិញ និងដែលត្រូវបានគេហទំព័រវីអូអេជាខេមរភាសារចេញផ្សាយនាថ្ងៃដដែលនោះ។
ច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតដ៏សម្ងាត់ និងចម្រូងចម្រាសនេះ ត្រូវបានស្នើឡើងនៅខែឧសភាឆ្នាំ២០១២ និងត្រូវបានបកប្រែជាភាសាអង់គ្លេសក្រៅផ្លូវការ និងបង្ហោះលើគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃពុធម្សិលម៉ិញ។ សេចក្ដីព្រាងច្បាប់នេះ ប្រសិនបើអនុម័តជាផ្លូវការ នឹងរឹតបន្តឹងសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។
លោកផៃ ស៊ីផាន រដ្ឋលេខធិការ និងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា នៅពេលនេះច្បាប់នេះកំពុងស្ថិតក្រោមការពិភាក្សានៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដោយមានការចូលរួមពីសង្គមស៊ីវិល។ លោកសុំមិនធ្វើអត្ថាធិប្បាយជុំវិញសេចក្តីព្រាងច្បាប់ដែលបែកធ្លាយនេះទេ រហូតមានការអនុម័តជាផ្លូវការ។
ខ្លឹមសារនេះគឺហាក់ដូចជាផ្ទុយនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលនាពេលកន្លងមក ដែលថា ច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតនេះមិនមានគោលដៅរឹតត្បិតសេរីភាព បញ្ចេញមតិនៅកម្ពុជាទេ។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
គេហទំព័រដដែលនេះបានលើកឡើងថាសព្វថ្ងៃនេះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាអាចបញ្ចេញមតិយោបល់ តាមប្រព័ន្ធអ៊ីនធឺណិត ដូចជាតាមបណ្ដាញសង្គមហ្វេសប៊ុកបានដោយសេរីតាមរយៈការបង្ហោះ និងការចែករំលែកព័ត៌មាន និងមតិផ្ទាល់ខ្លួនជុំវិញបញ្ហារសើបនានាដូចជាការរិះគន់រដ្ឋាភិបាល ការកាប់បំផ្លាញព្រៃឈើ ការរំលោភសិទ្ធិ មនុស្ស បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាសង្គមផ្សេងៗទៀត។ ព័ត៌មានទាំងនេះ ជាទូទៅ មិនអាចទទួលបានតាមរយៈទូរទស្សន៍ វិទ្យុ និងកាសែតក្នុងស្រុកភាគ ច្រើន ដែលមាននិន្នាការទៅកាន់គណបក្សកាន់អំណាចនោះទេ។
យោងតាមរបាយការណ៍របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រឹមឆ្នាំ២០១៣ កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណ៤លាននាក់ ដែលកើនឡើង៤២ភាគរយធៀបនឹងឆ្នាំ២០១២៕