ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅថ្ងៃព្រហស្បតិ៍ នេះនៅឯវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយឲ្យដឹងជាសាធារណៈថាលោកបានព្រមព្រៀងជាមួយលោក សម រង្ស៊ី ថានឹងកំណត់កាលបរិច្ឆេទថ្មីនៃការបោះឆ្នោតលើកក្រោយ។ បើយោងតាមលោកនាយករដ្ឋមន្ត្រី លោកនិងលោកសម រង្ស៊ីបានឯកភាពគ្នាកំណត់យកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅខែកុម្ភៈឆ្នាំ ២០១៧ និង បោះឆ្នោតសភាខែកុម្ភៈឆ្នាំ ២០១៨។
យោងតាមគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារដែលបានចេញផ្សាយនារសៀលថ្ងៃទី១០ មេសា នេះបានលើកឡើងដែរថា ដើម្បីជាភស្តុតាងនៃកិច្ចព្រមព្រៀងនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកមានខ្សែអាត់សំឡេងសន្ទនារវាងរូបលោកជាមួយមេដឹកនាំបក្សប្រឆាំងតាម ខ្សែទូរស័ព្ទកាលពីថ្ងៃពុធផងដែរ។ កិច្ចសន្ទនាដែលមានរយៈពេល ៤៤ នាទីនោះក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីអះអាងថាមានការជជែកអំពីគម្រោងចូលគាល់ព្រះមហាក្សត្រក្នុងព្រះបរមរាជវាំងរួមគ្នានៅថ្ងៃទី ១១មេសាផងដែរ។ ប៉ុន្តែ ក្រោយមក លោកសម រង្ស៊ី ក៏បានជូនដំណឹងទៅលោកនាយករដ្ឋមន្ត្រីវិញថា លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមិនយល់ព្រមទេ។នេះបើយោងតាមអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាសឲ្យដឹង។
លោក សម រង្ស៊ី មិនអាចទាក់ទងសុំការបញ្ជាក់អំពីបញ្ហានេះបានទេនៅថ្ងៃនេះ ប៉ុន្តែ លោក អឹង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានលើកទូរស័ព្ទនិងឆ្លើយជំនួស លោកសម រង្ស៊ី ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាបានលើកពីកាលបរិច្ឆេទនៃការបោះឆ្នោតនេះមែន ប៉ុន្តែ លោក សម រង្ស៊ី មិនបានឆ្លើយតបឯកភាពនៅឡើយទេ។ លោក អេង ឆៃអ៊ាង បញ្ជាក់ថា គណបក្សសង្គ្រោះជាតិស្នើឲ្យការបោះឆ្នោតសភានៅខែឧសភា ឆ្នាំ ២០១៧ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ប្រសិនបើកិច្ចព្រមព្រៀងនេះទទួលបរាជ័យទៅវិញ នោះមិនមែនជាកំហុសរបស់លោកនិងលោក សម រង្ស៊ីទេតែជាកំហុសរបស់លោក កឹម សុខា។ លោក កឹម សុខា ដែលពេលនេះកំពុងបំពេញទស្សនកិច្ចនៅឯបរទេស។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីអះអាងថាមិនទាន់អស់សង្ឃឹមទេហើយបានសុំឲ្យលោកសម រង្ស៊ីបញ្ចុះបញ្ចូលលោកកឹម សុខា កុំឲ្យប្រកាន់ជំហរតឹងរ៉ឹងពេក។ ទាក់ទងនឹងជំនួបកំពូលរវាងមេដឹកនាំគណបក្សទាំងពីរវិញ លោក អេង ឆៃអ៊ាង បញ្ជាក់ថានៅមិនទាន់មានការឯកភាពរវាងគណបក្សទាំងពីរនៅឡើយទេ៕