ព្រឹទ្ធសភាបានដំណើរការកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣ កាលពីព្រឹកថ្ងៃទី១១ខែមេសានេះនៅវិមានព្រឹទ្ធសភា។ របៀបវារៈដែលនឹង លើកយកមកពិនិត្យនិងឱ្យយោបល់មានចំនួន៣គឺ៖
-ទី១ ពិនិត្យនិងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១២។
-ទី២ ពិនិត្យនិងឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារស្តីពី វិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីការជំរុញ និងការការពារវិនិយោគ។
-ទី៣ ពិនិត្យនិងឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់។
សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១២ដែលមាន៣ជំពូកត្រូវបានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជាអនុម័តដោយសម្លេង៦៥ខណៈសេចក្តីព្រាងច្បាប់ ស្តីពីផ្លូវថ្នល់ដែលមាន១៣ជំពូកបានត្រូវអនុម័តកាលពីថ្ងៃ២មេសា២០១៤ ហើយសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារស្តីពី វិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងវៀតណាម ស្តីពីការជំរុញ និងការការពារវិនិយោគដែលមាន៣មាត្រាត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តដោយការលើកដៃគាំទ្រ៦៤លើ៦៤សម្លេង កាលពីថ្ងៃទី៣ខែមេសាឆ្នាំ២០១៤។
ក្នុងសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពីថ្ងៃទី១៤ខែមីនាបាន បញ្ជាក់ថាពិធីសារស្តីពីវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល កម្ពុជានិងវៀតណាមនេះមានគោលបំណងដើម្បីធ្វើវិសោធនកម្មទៅលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការជំរុញនិងការការពារវិនិយោគដែលបានធ្វើកន្លងមកនិងជាផ្នែក មួយធានាឱ្យបាននូវទំនុកចិត្តនិងកិច្ចសម្រួលការវិនិយោគរបស់ វិនិយោគិនដែលកំពុងវិនិយោគលើទឹកដីរបស់ខ្លួន។ ខ្លឹមសាររួមនៃពិធីសារ នេះបានបញ្ជាក់នូវចំណុចសំខាន់ៗដែលទាក់ទងទៅនឹងការបង្កើតឱ្យមាននូវ ចំណុចទំនាក់ទំនងក្នុងស្មារតីសម្រួលនូវទំនាក់ទំនងរវាងភាគីទាំងពីរ លើរាល់បញ្ហាដែលគ្របដណ្តប់លើកិច្ចព្រមព្រៀងការបង្កើតឱ្យមាន គណៈកម្មការចម្រុះស្តីពីវិនិយោគក្នុងស្មារតីបំពេញឱ្យបាននូវគោលបំណង ពិភាក្សា និងពិនិត្យឡើងវិញនូវការអនុវត្ត និងប្រតិបត្តិការនៃកិច្ចព្រមព្រៀង ព្រមទាំងពិភាក្សាលើរាល់ការវិនិយោគពាក់ព័ន្ធផ្សេងៗទៀតដែលមានចែង ក្នុងកិច្ចព្រមព្រៀង។
ដកស្រង់ពីគេហទំព័រCEN ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី១១ មេសានេះ។