គោលនយោបាយ៩ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទីពីរ ចុះផ្សាយថ្ងៃទី៧ ខែមេសា បានកំណត់ថា គណបក្សប្រជាជនកម្ពុជា នឹងលើកកម្ពស់ជីវភាពតាមរយៈការបង្កើនប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងទ័ព នគរបាល ១លានរៀលក្នុង១ខែ និងកម្មករ ១៦០ដុល្លារក្នុង១ខែ នៅឆ្នាំ២០១៨ ស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលនយោបាយ ៨ចំណុចទៀត។
ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ឲ្យដឹងថា គោលនយោបាយនេះ ឆ្លងកាត់ការគិតគូរយ៉ាងស៊ីជម្រៅរបស់រដ្ឋាភិបាល ទៅលើការប្រើប្រាស់ថវិកាជាតិ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់កម្មករ និងមន្ត្រីរាជការ។ លោកអះអាងថា ការដែលរដ្ឋាភិបាល មិនអាចជំរុញដំឡើងប្រាក់ឈ្នួលកម្មករ និងបៀវត្សមន្ត្រីរាជការ តាមការទាមទារក្នុងពេលបច្ចុប្បន្នបាន គឺបណ្តាលមកពីលទ្ធភាពវិនិយោគិន និងការចំណាយថវិកាជាតិ ដែលអាចប្រឈមនឹងហានិភ័យនានា បើមិនមានការសិក្សាច្បាស់លាស់នោះ។
លោក ជាម យៀប យល់ថា ការឃោសនារបស់គណបក្សប្រឆាំង ដែលថា អាចដំឡើងប្រាក់ឈ្នួលកម្មករ តាមការទាមទារសម្រាប់បច្ចុប្បន្ន គឺគ្រាន់តែជាការឃោសនា បញ្ឆោតពលរដ្ឋ ដើម្បីប្រយោជន៍នយោបាយ ដែលមិនមានការពិសោធន៍ត្រឹមត្រូវ។
លោក អេង ឆៃអ៊ាង បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស យល់ថា ការអះអាងបែបនេះ គឺឆ្លុះបញ្ចាំងពីភាពអសមត្ថកិច្ចរបស់រដ្ឋាភិបាល ដឹកនាំដោយគណបក្សកាន់អំណាច ដែលមិនអាចបំពេញតម្រូវការពលរដ្ឋបាន។ លោកអះអាងថា គោលនយោបាយ ៧ចំណុចរបស់គណបក្សសង្គ្រោះជាតិ ដែលកំណត់ប្រាក់ឈ្នួលកម្មករ ១៥០ដុល្លារ និងបៀវត្សមន្ត្រីរាជការ ១លានរៀល ក្នុង១ខែនោះ គឺអាចទៅរួច ស្របតាមការសិក្សាពីអ្នកជំនាញរបស់បក្សនេះ។
អ្នកស្រាវជ្រាវការវិវឌ្ឍសង្គម លោក កែម ឡី រកឃើញថា កត្តាបីដែលរដ្ឋាភិបាលបច្ចុប្បន្ន មិនអាចសម្រចគោលនយោបាយនេះបាន គឺដោយសារអំពើពុករលួយ ការប្រកាន់បក្ខពួកនិយម និងវប្បធម៌នៃការដឹកនាំរដ្ឋាភិបាល ក្នុងរូបភាពជាអ្នកជំនួញ បម្រើប្រយោជន៍បុគ្គល មិនមែនប្រយោជន៍រួម។
ដកស្រង់ពីគេហទំព័រវីអូឌីដែលបានចេញផ្សាយកាលពីថ្ងៃទី១៨ មេសា ឆ្នាំ២០១៤។