លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃ ទី ០៣ កក្កដា ថា សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបានជូនដំណឹងទៅកាន់សាលារាជធានីភ្នំពេញអំពីគម្រោងធ្វើបាតុកម្មមួយ ដោយគ្រោងជួបជុំគ្នាប្រមាណ១០០ នាក់ ចូលរួមធ្វើបាតុកម្មអហិង្សានៅទី ថ្ងៃទី ០៨ កក្កដា នៅពីមុខស្ថានទូតវៀតណាម ដើម្បីតវ៉ាទាមទារអ្នកនាំពាក្យស្ថានទូតវៀតណាមទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីកម្ពុជាក្រោម។
រឿងរាវដែលនាំឲ្យកើតមានគម្រោងធ្វើបាតុកម្មប្រឆាំងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ជាបន្តបន្ទាប់បែបនេះ គឺ ក្រោយពីអ្នកពាក្យស្ថានទូតវៀតណាមបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនាពេលកន្លងមកថា ទឹកដីកម្ពុជាក្រោមមិនមែនបារាំងកាត់ឲ្យវៀតណាមនោះទេ តែជាទឹកដីវៀតណាមតាំងពីយូរយារណាស់មកហើយ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ ថាសាលារាជធានីភ្នំពេញបានទទួលលិខិតជូនដំណឹងនេះហើយ ប៉ុន្តែមិនទាន់សម្រេចយ៉ាងណានៅឡើយទេ គឺកំពុងតែពិចារណា និង ពិនិត្យលើលិខិតនេះ។
ដកស្រង់ពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារចេញផ្សាយថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៤។