អនុ​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា​ នឹង​ប្រើច្បាប់បោះឆ្នោតចាស់​ បើ​សិន​ជា​គណបក្ស​សង្គ្រោះជាតិ​ នៅតែ​មិន​ព្រមចូលសភា​

2014-07-04 10:48:00 4882 Views

នៅក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីជនពិការ ២០១៤-២០១៨ នៅថ្ងៃទី៣ លោក ហ៊ុន សែន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងផ្ញើសារនយោបាយជាថ្មីម្ដងទៀតថា លោកនឹង​ប្រើ​ច្បាប់​បោះ​ឆ្នោតចាស់ ដែលមានជាធរមានក្នុងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ បើសិនជាគណបក្សសង្គ្រោះជាតិ នៅតែមិនព្រមចូលសភា។

អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា បើសិនជារដ្ឋាភិបាលឯកបក្សបច្ចុប្បន្ន មិនធ្វើកំណែទម្រង់ គ.ជ.ប ទេ ហើយប្រើច្បាប់បោះឆ្នោតចាស់ដដែលនោះ កម្ពុជា នឹងក្លាយជាប្រទេសឯកោ ដែលអន្តរជាតិនឹងមិនទទួលស្គាល់ទេ។

មន្ត្រីឃ្លាំមើលការបោះឆ្នោត ចាត់ទុកសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាលើកទីពីរ គំរាមប្រើច្បាប់បោះឆ្នោតចាស់ដែលមានជាធរមាន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នោះ ថាជាយុទ្ធ​សាស្ត្រ​ចរចារបស់គណបក្សប្រជាជនកម្ពុជា។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការលើកឡើងរបស់ លោក ហ៊ុន សែន នេះ ឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា មិនចង់ធ្វើកំណែទម្រង់ការបោះឆ្នោតទេ។ យ៉ាងនេះក្ដី លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែទាមទារឲ្យមានការកែទម្រង់ គ.ជ.ប ដដែល បើពុំនោះទេ គណបក្សសង្គ្រោះជាតិ នឹងសម្រេចថា តើត្រូវធ្វើបាតុកម្មទៀត ឬយ៉ាងណា នៅក្នុងមហាសន្និបាតគណបក្សពេលខាងមុខ។

ការចរចារវាងគណបក្សទាំងពីរ កាលពីថ្ងៃទី១២ មិថុនា កន្លងទៅមកទល់ពេលនេះ គណបក្សទាំងពីរមិនទាន់បានកំណត់ពេលជួបគ្នាទៀតនៅឡើយ គឺស្ថិតនៅទ្រឹងនៅឡើយ ដែលតំណាង​គណបក្សទាំងពីរ​បាន​ខ្វែង​គំនិតគ្នាលើការ​កែ​ទម្រង់ គ.ជ.ប។ ខាងគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការជ្រើសរើសសមាជិក គ.ជ.ប ដោយយករូបមន្តអនុម័តក្នុងសភាសំឡេង ២ភាគ៣។ ដោយឡែកខាងគណបក្សប្រជាជនកម្ពុជា វិញចង់បានការបោះឆ្នោតជ្រើសរើស​សមាជិក គ.ជ.ប នោះ ដោយសំឡេង៥០ភាគរយបូក១ ឬសំឡេងភាគច្រើនដាច់ខាត នៃសមាជិកសភាទាំងមូល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការជ្រើសតាំងសមាជិក គ.ជ.ប ដោយ​រូប​មន្ត​អនុម័ត​សំឡេង​ក្នុង​សភាសំឡេង ២ភាគ៣ នេះ គឺជាការបំផ្លាញប្រជាធិបតេយ្យទៅវិញទេ។

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត ពន្យល់ថា ការអនុម័តច្បាប់ដោយយកសំឡេង ២ភាគ៣ នេះ ជារឿងចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ មិនថាការបោះឆ្នោតជ្រើសរើសសមាជិក គ.ជ.ប ទេ គឺការអនុម័តច្បាប់ផ្សេងៗទៀត ត្រូវតែអនុវត្តដោយសំឡេង ២ភាគ៣ ទើបឆ្លុះបញ្ចាំងអំពីរបបប្រជាធិបតេយ្យសេរីពិតប្រាកដ។

ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរីជាខេមរភាសារចេញផ្សាយថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៤។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា