លោក យឹម សុវណ្ណ លើកឡើងថា សន្និបាតក្រុមប្រឹក្សាជាតិ លើកទី១ របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃ២៧កក្កដា នឹងមានអ្នកចូលរួមប្រមាណជា ៥ ពាន់នាក់ ដើម្បីរាយការណ៍អំពីកិច្ចការរយៈពេល ១ ឆ្នាំកន្លងមក លើកឡើងពីផែនការសកម្មភាពរបស់គណបក្សនៅពេលខាងមុខ លើកឡើងពីស្ថានការណ៍នយោបាយ និងរួមគ្នាពិនិត្យលើសម្រេចពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ នៅពេលពេលខាងមុខ។ ក៏ប៉ុន្តែនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានបដិសេធមិនព្រមទទួលលិខិតអំពីសន្និបាតក្រុមប្រឹក្សាជាតិ របស់គណបក្សសង្គ្រោះជាតិនោះទេ។
សមាជិករដ្ឋសភា លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា បានបញ្ជាក់ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃសុក្រនេះថា វិធានការផ្លូវច្បាប់ប្រឆាំងបាតុកម្ម នៅក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី១៥កក្កដា តាមរយៈការចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាច្រើនរូប ដាក់ពន្ធនាគារ គឺជាការទប់ស្កាត់ កុំឲ្យគណបក្សប្រឆាំង ប្រមូលផ្តុំធ្វើសន្និបាតក្រុមប្រឹក្សាជាតិ នៅថ្ងៃទី២៧កក្កដា។
យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ នៅតែអះអាងថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំការជួបជុំ សន្និបាតក្រុមប្រឹក្សាជាតិ នៅថ្ងៃ២៧កក្កដា ហើយគណបក្សប្រឆាំង ក៏នឹងដាក់លិខិតជូនដំណឹងអំពីសន្និបាតនោះ ទៅកាន់សាលាក្រុង នៅពេលឆាប់ៗនេះ។
ប្រភពពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារចេញផ្សាយថ្ងៃ១៨ កក្កដា ឆ្នាំ២០១៤។