នៅក្នុងសិក្ខាសាលាក្រោមប្រធានបទ «ការលើកកម្ពស់ការប្រាស្រ័យទាក់ទងសភា និងក្រុមអ្នកកាសែត ប្រកបដោយប្រសិទ្ធិភាព» នៅថ្ងៃពុធទី២០ ខែសីហា នេះ មន្ត្រីជាន់ខ្ពស់ព្រឺទ្ធសភា បានប្រកាសបើកទ្វារចាំទទួលអ្នកកាសែត ដែលចង់ដឹងព័ត៌មានសំខាន់ៗរបស់ព្រឹទ្ធសភា។ ការប្រកាសបែបបែបនេះ បានធ្វើឡើងខណៈដែលនាពេលកន្លងមក ស្ថាប័ននីតិបញ្ញត្តិមួយនេះ រងការរិះគន់ថា បានព្រងើយកន្តើយ និងបិទបាំងព័ត៌មានជាមួយអ្នកកាសែត។
លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការនៃព្រឹទ្ធសភា និងជាអ្នកនាំពាក្យមួយរូបផងដែរនៃស្ថាប័នកំពូលរបស់ជាតិមួយនេះ អះអាងបន្ថែមថារាល់ព័ត៌មានសំខាន់ៗទាំងឡាយរបស់ស្ថាប័នព្រឹទ្ធសភា នឹងត្រូវទម្លាយប្រាប់អ្នកសារព័ត៌មានជាប្រចាំ និងសូមប្តេជ្ញាថា នឹងបង្កើនទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ដើម្បីឲ្យពួកគាត់បានដឹងពីសកម្មភាព និងព័ត៌មានដែលព្រឹទ្ធសភាបានធ្វើ។ ព័ត៌មានដែលដែលយើងអាចបញ្ចេញបាន យើងនឹងបញ្ចេញ លែងស្ងៀមស្ងាត់ទៀតហើយ។
លោក អ៊ុំ សារឹទ្ធ បានបន្តថា ពេលនេះយើងទើបតែរៀបចំឲ្យមានអ្នកនាំពាក្យពីរនាក់ គឺរូបខ្ញុំ ផ្នែករដ្ឋបាល និងម្នាក់ទៀត គឺ លោក ម៉ម ប៊ុននាង ដែលជាសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ចាំឆ្លើយផ្នែកនយោបាយ»។
អ្នកនាំពាក្យផ្នែកនយោបាយ លោក ម៉ម ប៊ុននាង បានសន្យាថា លោកនឹងបំពេញតួនាទីជាអ្នកនាំពាក្យស្ថាប័នព្រឹទ្ធសភាដោយអព្យាក្រឹត មិនប្រកាន់និន្នាការនយោបាយ បើទោះបីជារូបលោកជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាក៏ដោយ។ មិនតែប៉ុណ្ណោះ លោកក៏ស្វាគមន៍ចំពោះអ្នកសារព័ត៌មានដែលសួរលោកចង់ដឹងពីព័ត៌មានសំខាន់ៗរបស់រដ្ឋសភាផងដែរ។
ដកស្រង់ពីគេហទំព័រថ្មីៗ ចេញផ្សាយថ្ងៃទី២០ សីហា ឆ្នាំ២០១៤។