សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃសុក្រនេះ សម្រេចដោះលែងឲ្យយុវជនគណបក្សសង្គ្រោះជាតិឲ្យទាំង៣រូបឲ្យនៅក្រៅឃុំ តែត្រូវគោរពតាមលក្ខខណ្ឌ៤ចំណុច ។ ពោលគឺ មិនអនុញ្ញាតឲ្យចេញទៅក្រៅប្រទេស មិនឲ្យផ្លាស់ទីលំនៅ ត្រូវចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តុលាការ និងតម្កល់ប្រាក់ម្នាក់៤លានរៀល ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍ បន្ទាប់ពីសវនការលើយុវជនទាំង៣នាក់ត្រូវបានបញ្ចប់ ថា តុលាការសម្រេចដោះលែងយុវជនទាំងបីឲ្យនៅក្រៅឃុំ តែតុលាការមិនទាន់ប្រគល់ទ្រព្យសម្បត្តិ និងវត្ថុតាងដែលតុលាការបានរឹបអូសពីជនទាំងបីនៅឡើយទេ។ លោកបន្តថា នៅថ្ងៃទី២ ខែកញ្ញា តុលាការនឹងបើកសវនាការដើម្បីសម្រេចថា គួរប្រគល់ឲ្យទ្រព្យសម្បត្តិ និងវត្ថុតាងទាំងនោះទៅឲ្យជនជាប់ចោទទាំងបីឬយ៉ាងណា ។
យុវជនដែលជាសកម្មជនគណបក្សសង្គ្រោះជាតិទាំង៣រូបរួមមាន លោក ឃិន ជំរឿន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខណ្ឌច្បារអំពៅ លោក សាន គីមហេង ប្រធាន ចលនាយុវជនគណបក្សសង្គ្រោះជាតិខណ្ឌទួលគោក និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខណ្ឌទួលគោក និងលោក នាង សុឃុន ហិរញ្ញិកចលនា យុវជនគណបក្សសង្គ្រោះជាតិខណ្ឌច្បារអំពៅ ។
ប្រភពីគេហទំព័រវីអូឌីចេញផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤។