រដ្ឋសភា នៅព្រឹកថ្ងៃអង្គារនេះ បើកសម័យប្រជុំវិសាមញ្ញដើម្បីបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំថ្មី របស់ខ្លួន ស្របតាមកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី ២២ ខែកក្កដាកន្លងទៅ។
កិច្ចប្រជុំវិសាមញ្ញនេះធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែសីហានេះនឹងបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាអនុប្រធានទី១ និងលោក ងួន ញ៉ិល ជាអនុប្រធានទី២ នៃរដ្ឋសភា ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា កិច្ចប្រជុំនេះ ក៏នឹងធ្វើការបោះឆ្នោតជ្រើសតាំងជំនួស និងបំពេញបន្ថែមសមាជិកគណកម្មការនានានៃរដ្ឋសភាដូចជា៖
១ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្សបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
២ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
៣ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឈន៍ជនបទ បរិស្ថាន និងធនធានទឹក
៤ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
៥ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន
៦ គណៈកម្មការនីតិកម្ម និងយុត្តិធម៌
៧ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
៨ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី
៩ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សា-ហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១០ គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ (បង្កើតថ្មី) ។